សាលាបាល់ទាត់ជាតិប្រកួតពានរង្វាន់ 2017 J League U-16 Challenge League នៅជប៉ុន

គ្រូបង្គោល U 17 សាលាបាល់ទាត់ជាតិនិយាយអ្វីខ្លះក្រោយទៅបោះជុំរំហ្វឹកហាត់និងប្រកួតពានរង្វាន់ 2017 J League U-16 Challenge League នៅជប៉ុន?

ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៧ ឆ្នាំ បានត្រលប់មកដល់មាតុប្រទេសវិញ នៅរសៀលថ្ងៃទី ២៨ ខែ មិនា ម្សិលមិញនេះ ក្រោយបញ្ចប់បេសកកម្មបោះជុំរំហ្វឹកហាត់ ក៏ដូចជាចូលរួមប្រកួតក្នុងពានរង្វាន់ 2017 J League U-16 Challenge League នៅប្រទេសជប៉ុន រយះពេល ១២ ថ្ងៃរួចមក។

ជាមួយនឹងការបោះជុំរំហ្វឹកហាត់ ក៏ដូចជាចូលរួមប្រកួតក្នុងពានរង្វាន់ 2017 J League U-16 Challenge League នៅប្រទេសជប៉ុន នេះ លោក Kazunori Inoue គ្រូបង្គោលនៃក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៧ ឆ្នាំ បានបង្ហើបពីមូលហេតុនៃការទៅបោះជុំរំហ្វឹកហាត់នៅជប៉ុននេះថា៖ « នៅប្រទេសជប៉ុន នារដូវរងារ គឺពិតជាត្រជាក់ ប៉ុន្តែកីឡាកររីករាយជាមួយនឹងអាកាសធាតុនេះ។ វាគឺជាបទពិសោធន៍ដ៏ប្លែកមួយសម្រាប់កីឡាកររបស់យើង ដើម្បីសម្របខ្លួនមិនថាក្នុងបរិយាកាសណាក៏ដោយ ឬទោះបីជាក្នុងការប្រកួតដែលមានអាកាសធាតុត្រជាក់ខ្លាំងក៏ដោយ »។

« ជាមួយនឹងឱកាសមកកាន់ប្រទេសជប៉ុន នឹងធ្វើការប្រកួតជាមួយក្រុមនៃប្រទេសជប៉ុននេះ ធ្វើអោយកីឡាករមានការតាំងចិត្តខ្ពស់។ ស្របពេលដែលតតាំងជាមួយគូប្រកួត ដែលមានកម្រិតខ្ពស់ជាង អ្នកគួរតែយល់ថានេះគឺជារឿងចាំបាច់បំផុត »។ គ្រូបង្គោលសញ្ជាតិជប៉ុនរូបនេះបញ្ចាក់បន្ថែម។

ក្រឡេកទៅការប្រកួតដែលបានយកឈ្នះ ក្រុម Sanfrecce Hiroshima គ្រូបង្គោលដែលជួយអោយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ ឆ្នាំ ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងពានរង្វាន់ជើងឯកយុវជន អាយុក្រោម ១៦ ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ រូបនេះបានលើកឡើងថា៖ « ក្រុម Sanfrecce Hiroshima គឺជាក្រុមមួយដែលខ្លាំងក្នុងការបណ្ដុះបណ្ដាលថ្នាលយុវជន ខ្ញុំគិតថាក្រុមខ្ញុំឈ្នះ Sanfrecce Hiroshima ដោយសារតែយើងការពារបានល្អ ខ្ញុំគិតថានេះជារឿងដ៏ល្អនៅក្នុងការយកឈ្នះគូប្រកួតដែលមានកម្រិតខ្ពស់ជាង ស្របពេលដែលយើងមិនអាចធ្វើវាបានឡើយល្អកាលពីឆ្នាំកន្លងៗទៅ »។

« ពួកគេត្រូវបានជម្រុញអោយមានការចាប់អារម្មណ៍ក្នុងទស្សនាទីក្រុង តូក្យូ ពួកគេប្រាកដជាមានអារម្មណ៍ថា ពួកគេនឹងចង់ក្លាយជាសមាជិកនៃក្លិបនៅលីគជប៉ុន (J League) នៅថ្ងៃណាមួយជាក់ជាមិនខាន »។ គ្រូបង្គោលដដែលរូបនេះភ្ជាប់សម្ដីឡើងជាពិសេស។

រំលឹកទៅសកម្មភាពរយៈពេល ១២ ថ្ងៃនៅឯប្រទេសជប៉ុន របស់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៧ ឆ្នាំ ក្រោមការដឹកនាំរបស់ លោក Inoue Kazunori បានដឹកនាំយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៧ ឆ្នាំ ប្រកួតចំនួន ៧ ប្រកួត ក្នុងនោះ ឈ្នះ ២ ស្មើ ១ និងចាញ់ ៤ ដែលជាលទ្ធផលរួមមាន៖

ពានរង្វាន់នេះចាប់ផ្ដើមពីថ្ងៃទី ២៥ ខែ មិនា រហូតដល់ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៧ ដោយមានក្រុមចំនួន ១២ ចូលរួមប្រកួតប្រជែង បែងចែកចេញជា ២ ពូល ក្នុង១ពូលមាន ៦ ក្រុម។ ដើមឡើយក្រោយចប់ការប្រកួតនៅក្នុងវគ្គជម្រុះតាមពូល ក្រុមដែលមានចំណាត់ថ្នាក់លេខ ១ នឹងត្រូវជួបក្រុមដែលមានចំណាត់ថ្នាក់លេខ ១ នៃពូលផ្សេង ស្របពេលដែលលេខ ២ ត្រូវជួបក្រុមដែលមានចំណាត់ថ្នាក់លេខ ២ នៃពូលផ្សេង និងបន្តរហូតដល់ក្រុមលេខ ៦ ត្រូវជួបក្រុមដែលមានចំណាត់ថ្នាក់លេខ ៦ នៃពូលផ្សេងប៉ុន្តែដោយសារមានបញ្ហាអាកាសធាតុ (ព្រិលធ្លាក់ខ្លាំង) ការប្រកួតថ្ងៃចុងក្រោយត្រូវបានលុបចោលទាំងអស់ ។ ជាលទ្ធផលក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៧ ឆ្នាំ ឈរនៅចំណាត់ថ្នាក់លេខ ៦ នៅក្នុងពូល A ស្របពេល Machida Zelvia ឈរកំពូលតារាង។

2017 J League U-16 Challenge League

កាលបរិច្ឆេទ            ប្រកួតទល់នឹងក្រុម        លទ្ធផល    ផ្សេងៗ

  • ថ្ងៃទី ២៥ ខែ មិនា    Yokohama FC       ០-២       ចាញ់
  • ថ្ងៃទី ២៥ ខែ មិនា    Hiroshima FC       ១-០       ឈ្នះ
  • ថ្ងៃទី ២៦ ខែ មិនា    Kashima Antlers   ០-១       ចាញ់
  • ថ្ងៃទី ២៦ ខែ មិនា    Machida Zilvia      ១-៣      ចាញ់
  • ថ្ងៃទី ១៧ ខែ មិនា    Kataller Tayama   លុបចោល    លុបចោល

Related Stories

Latest News